ព្រះត្រៃបិដក ភាគ ០២
ឯអារាមយើង ប្រាកដជាទព្វមល្លបុត្តញុះញង់ក្នុងសំណាក់នៃគហបតីនោះហើយ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះក៏ឆាន់ចង្ហាន់ដ៏សមគួរដល់ចិត្តមិនបាន ព្រោះតែសេចក្តីទោមនស្សនោះឯង។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆាន់ចង្ហាន់រួចហើយ ត្រឡប់ទៅអារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយរឹបសង្ឃាដីខាងក្រៅខ្លោងទ្វារវត្តវេឡុវន អង្គុយស្ងៀម មានសេចក្តីអៀនអន់ ឱនកសំយុងមុខចុះជ្រប់ ឥតមាននិយាយពីអ្វីសោះ។
[២៤៤] គ្រានោះ មេត្តិយាភិក្ខុនីចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូមថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនីបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុជាគំរប់ពីរដង។បេ។ ជាគំរប់បីដងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតជាគំរប់បីដងដែរ។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំម្ចាស់បានប្រទូស្តដល់លោកម្ចាស់រាល់អង្គដូចម្តេចខ្លះ បានជាលោកម្ចាស់រាល់អង្គមិននិយាយនឹងខ្ញុំម្ចាស់។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បានជាយើងមិននិយាយនឹងនាង ព្រោះយើង ទព្វមល្លបុត្តគេបៀតបៀន ហើយនាងឯងធ្វើព្រងើយកន្តើយ។
ID: 636780001049340419
ទៅកាន់ទំព័រ៖