ព្រះត្រៃបិដក ភាគ ០២

មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​(​បើ​ដូច្នោះ​)​ ​លោកម្ចាស់​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​បើ​នាង​ចង់​ឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ធ្វើឲ្យ​ទព្វ​មល្ល​បុត្ត​វិនាស​ ​(​នោះ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នឹង​ធ្វើ​ទព្វ​មល្ល​បុត្ត​ឲ្យ​វិនាស​ក្នុងថ្ងៃនេះ​ពុំខាន​។​ ​មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​ចុះលោក​ម្ចាស់​រាល់​អង្គ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​ ​ខ្ញុំ​អាច​ធ្វើ​ម្តេច​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ចូរ​នាង​មក​ ​ចូរ​នាង​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅ​គាល់​ហើយ​ ​ចូរ​នាង​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នេះ​មិនមែន​ជា​ការ​បិទបាំង​ ​មិនមែន​ជា​ការ​សមគួរ​សោះ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ដែល​មិន​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ត្រឡប់ជា​ប្រកបដោយ​ភ័យ​ ​ប្រកបដោយ​ចង្រៃ​ ​ប្រកបដោយ​ឧបទ្រព​វិញ​ ​ទីកន្លែង​ណា​ដែល​មិនធ្លាប់​មាន​ខ្យល់​ ​ទីកន្លែង​នោះ​ត្រឡប់ជា​មាន​ខ្យល់​វិញ​ ​ដូចជា​ទឹក​ធ្លាប់​ត្រជាក់​ ​ប្រែជា​ក្តៅ​ ​ឥឡូវ​ព្រះ​ទព្វ​មល្ល​បុត្ត​ជា​ម្ចាស់​ ​លោក​ប្រទូស្ត​(​១​)​ ​នឹង​ខ្ញុំម្ចាស់​ហើយ​។​ ​មេត្តិ​យា​ភិក្ខុនី​ទទួល​ស្តាប់​ពាក្យ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​យ៉ាងហ្នឹងហើយ​លោកម្ចាស់​ ​រួចហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
​(​១​)​ ​ជា​ពាក្យ​បញ្ចៀស​ ​សំដៅ​សេចក្តី​ថា​សេព​មេថុន​ ​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636780001864717056
ទៅកាន់ទំព័រ៖