ព្រះត្រៃបិដក ភាគ ០២

ចោទ​ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​បារាជិក​មិន​មាន​មូល​ ​ដោយ​បំណង​ថា​ ​អញ​ត្រូវ​ធ្វើ​ដូចម្តេច​ឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​(​១​)​ ​នេះ​បាន​ ​លុះ​សម័យ​ខាងក្រោយ​តពីនោះមក​ ​ទោះ​គេ​សាកសួរ​ក្តី​ ​គេ​មិន​សាកសួរ​ក្តី​ ​អធិករណ៍​នោះ​ប្រាកដជា​គ្មាន​មូល​ ​ភិក្ខុ​អ្នកចោទ​នោះ​ ​ក៏​ប្តេជ្ញា​ទោស​ ​(​ដោយខ្លួនឯង​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​
 [​២៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ត្រង់​ពាក្យ​ថា​ ​មាន​សេចក្តី​ក្រោធ​ប្រទូស្ត​ ​អធិប្បាយ​ថា​ ​ខឹង​ ​អន់ចិត្ត​ ​មិន​ត្រេកអរ​ ​មានចិត្ត​គឺ​ទោស​ខ្ទំា​ង​ខ្ទប់​ ​មានចិត្ត​ចង្អៀតចង្អល់​។​ ​ត្រង់​ពាក្យ​ថា​ ​មានចិត្ត​អាក់អន់​ ​គឺ​មានចិត្ត​មិន​រីករាយ​ ​ព្រោះ​សេចក្តី​ខឹង​នោះ​ផង​ ​ព្រោះ​ទោស​នោះ​ផង​ ​ព្រោះ​សេចក្តី​អន់ចិត្ត​នោះ​ផង​ ​ព្រោះ​សេចក្តី​មិន​ត្រេកអរ​នោះ​ផង​។​ ​ដែល​ហៅថា​ ​មិន​មាន​មូល​ ​គឺ​មិនឃើញ​ ​មិនឮ​ ​មិន​រង្កៀស​។​ ​ត្រង់​ពាក្យ​ថា​ ​ដោយ​អាបត្តិ​បារាជិក​ ​គឺ​បណ្តា​អាបត្តិ​បារាជិក​ទាំង៤​ ​អាបត្តិ​បារាជិក​ណាមួយ​។​ ​ត្រង់​ពាក្យ​ថា​ ​ចោទ​ ​គឺ​ចោទ​ខ្លួនឯង​ក្តី​ ​ឲ្យ​អ្នកដទៃ​ចោទ​ក្តី​។​ ​ពាក្យ​ថា​ ​អញ​ត្រូវ​ធ្វើ​ដូចម្តេច​ ​ឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​នេះ​បាន​ ​អធិប្បាយ​ថា​ ​អញ​គប្បី​ឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ភិក្ខុភាព​ ​ឃ្លាតចាក​សមណធម៌​ ​ឃ្លាតចាក​កង​សីល​ ​ឃ្លាតចាក​ត​បោ​គុណ​(​២​)​ ​។​
​(​១​)​ ​សាសន​ព្រហ្មចារី​ ​។​ ​(​២​)​ ​ក្នុង​អភិធាន​ប្ប​ទី​បិកា​សូ​ចិ​ ​មាន​វិគ្រោះ​ថា​ ​“​គុណធម៌​ជា​គ្រឿង​ដុត​កិលេស​ឲ្យ​រីងស្ងួត​ទៅ​”​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636780003430436610
ទៅកាន់ទំព័រ៖