ព្រះត្រៃបិដក ភាគ ០២
សរសើរគុណរបស់បុគ្គលអ្នកប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បីសេចក្តីប្រតិបត្តិដ៏ផូរផង់់ ដើម្បីកំចាត់កិលេសធម៌ ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តា សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយត្រាច់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយនៅក្បែរគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកុំឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស ព្រះសមណគោតមមិនទ្រង់អនុញ្ញាតវត្ថុ៥ប្រការនេះទេ តែពួកយើងទាំងនោះនាំគ្នាសមាទានវត្ថុ៥នេះវិញ។
ID: 636780045832391863
ទៅកាន់ទំព័រ៖