ព្រះត្រៃបិដក ភាគ ០២

 ​[​២៩៣​]​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ទាំងឡាយ​ណា​ជា​អ្នក​ឥត​សទ្ធា​ ​មិន​ជ្រះថ្លា​ ​មាន​ប្រាជ្ញា​ថោកថយ​ ​ទើប​មនុស្ស​ទាំងនោះ​ពោល​យ៉ាងនេះ​ថា​ ​ពួក​សមណៈ​ទាំងនេះ​ឯង​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្ត​ ​ជា​អ្នក​កំចាត់​កិលេស​ធម៌​ ​ជា​អ្នក​ប្រព្រឹត្ត​ក្នុង​ធម៌​ដ៏​ផូរផង់​ ​ចំណែក​ព្រះសមណគោតម​ ​ជា​អ្នក​ប្រព្រឹត្ត​ល្មោភ​ដោយ​បច្ច័យ​ ​មាន​ចីវរ​បច្ច័យ​ជាដើម​ ​តែង​ត្រិះរិះ​ដោយ​បច្ច័យ​ ​មាន​ចីវរ​បច្ច័យ​ជាដើម​ដ៏​ច្រើន​។​ ​ពួក​មនុស្ស​ណា​ ​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ ​ជា​បណ្ឌិត​មាន​ប្រាជ្ញា​ ​ពួក​មនុស្ស​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​ភិក្ខុ​មិន​គួរ​សោះនឹង​ខំប្រឹង​ទំ​លាយ​សង្ឃ​ ​ទំ​លាយ​ចក្រ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​។​ ​ពួក​ភិក្ខុ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ជា​អ្នក​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​ភិក្ខុ​មិន​សម្បី​បើ​ខំ​ខ្នះខ្នែង​ ​ដើម្បី​ទំ​លាយ​សង្ឃ​ ​ដើម្បី​ទំ​លាយ​ចក្រ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះហេតុនេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​ទ្រង់​ជោគ​ ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​បញ្ជាក់​ទេវទត្ត​ភិក្ខុ​ក្នុង​ពេលនោះ​។​បេ​។​ ​នែ​ទេវទត្ត​ ​គេ​ថា​អ្នកឯង​ព្យាយាម​ទំ​លាយ​សង្ឃ​ ​ទំ​លាយ​ចក្រ​ ​ពិតមែន​ឬ​។​ ​ទេវទត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្តី​នោះ​ពិតមែន​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636780046174151411
ទៅកាន់ទំព័រ៖