ព្រះត្រៃបិដក ភាគ ០២
ទាំងឡាយចាប់ទាញមកកាន់កណ្តាលជំនុំសង្ឃ ហើយពោល (ហាម)ថា លោកម្ចាស់ កុំព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈដែលដឹកនាំឲ្យសង្ឃបែកគ្នាឡើយ សូមឲ្យលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុជាអ្នកបំបែកសង្ឃនោះ ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការប្រពៃ បើមិនលះបង់ទេ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៦] ភិក្ខុទាំងឡាយគប្បីសូត្រសមនុភាសនកម្មដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុដែលឆ្លៀវឆ្លាស អង់អាច គប្បីប្រកាសឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្ម
ID: 636780048505464755
ទៅកាន់ទំព័រ៖