ព្រះត្រៃបិដក ភាគ ០២
អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុមានជាតិដែលគេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ដោយធម៌ ក្នុងសិក្ខាបទទាំងឡាយដែលរាប់ចូលក្នុងឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យគេប្រដៅមិនបាន ដោយពាក្យថា លោកម្ចាស់ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែកខ្ញុំក៏នឹងមិនពោលពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេប្រដៅមិនបានឡើយ លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេពោលប្រដៅបានផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុទាំងឡាយដោយសហធម៌ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងដោយញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិយ៉ាងនេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះយ៉ាងនេះ (ភិក្ខុនោះ) ក៏នៅប្រកាន់យ៉ាងហ្នឹងដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យលះបង់នូវកម្មនោះ
ID: 636780057309268303
ទៅកាន់ទំព័រ៖