ព្រះត្រៃបិដក ភាគ ០២
[៣០៩] ពាក្យថា ភិក្ខុនោះ គឺភិក្ខុមានជាតិដែលគេប្រដៅបានដោយក្រនោះឯង។ ពាក្យថាភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ មានអធិប្បាយថា ពួកភិក្ខុណាឃើញ ពួកភិក្ខុណាបានស្តាប់ (ដំណឹង)ពួកភិក្ខុទាំងនោះត្រូវពោលថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេស្តីប្រដៅបាន សូម្បីលោកម្ចាស់សោត ក៏ចូរពោលប្រដៅភិក្ខុទាំងឡាយដោយសហធម៌ សូម្បីភិក្ខុទាំងឡាយក៏នឹងពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យរបស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺដោយកិរិយាពោលជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយមិនពោល (ហាម) ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ គប្បីចាប់ភិក្ខុនោះមកកាន់កណ្តាលប្រជុំសង្ឃ ហើយពោល (ហាម) ថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន
ID: 636780058035629849
ទៅកាន់ទំព័រ៖