ព្រះត្រៃបិដក ភាគ ០២
ឧបាសកមួយនាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រាច់ទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចនិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ ខ្ញុំព្រះអង្គនិយាយថា ម្នាលអាវុសោ អាត្មាមិនទាន់បានអាហារបិណ្ឌបាតទេ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ចូរនិមន្តមក យើងនឹងទៅផ្ទះ សូមទ្រង់ព្រះមេត្តាប្រោស ទើបឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ហើយឲ្យឆាន់ រួចហើយប្រាប់ពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសកនោះពោលថា បពិត្រលោកដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ទូលព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទវិនាសខូចអស់ហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេស្រោចខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងទៀត
ID: 636780089656758474
ទៅកាន់ទំព័រ៖