ព្រះត្រៃបិដក ភាគ ០២
ជាម្តាយនៃមិគារសេដ្ឋី បរិភោគមុនគេជាដរាប។ គ្រានោះឯង នាងវិសាខាជាមិគារមាតា គេបានអញ្ជើញឲ្យទៅកាន់ត្រកូល ជាឧបដ្ឋាកនៃឧទាយិនោះ។ ឯនាងវិសាខាជាមិគារមាតា បានឃើញឧទាយិដ៏មានអាយុតែម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងកុមារិកាតែម្នាក់ឯងនោះ លុះឃើញហើយ ក៏បាននិយាយពាក្យនេះនឹងឧទាយិដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ការនេះ មិនមែនជាការស្ងាត់កំបាំងទេ មិនសមគួរទេ លោកម្ចាស់តែមួយអង្គ មកអង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់មិនត្រូវការដោយធម៌នោះក៏ពិតមែនហើយ តែថា មនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងឲ្យជឿបានដោយក្រ។ ចំណែកឧទាយិដ៏មានអាយុ ទុកជានាងវិសាខាជាមិគារមាតាថាឲ្យយ៉ាងនេះ ក៏នៅមិនអើពើសោះ។ ទើបនាងវិសាខាជាមិគារមាតាចេញទៅ ហើយពិតរឿងនោះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ជាអ្នកប្រាថ្នាតិច មានសេចក្តីសន្តោស។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេចក៏ឧទាយិដ៏មានអាយុ ម្នាក់ឯង អង្គុយលើអាសនៈដ៏ស្ងាត់កំបាំង ល្មមធ្វើ (សេវនកិច្ច) បាន ជាមួយនឹងមាតុគ្រាមតែម្នាក់ឯង។ លំដាប់នោះឯង ភិក្ខុទាំងនោះ ក្រាបទូល
ID: 636780102275010197
ទៅកាន់ទំព័រ៖