ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសក្តី បាចិត្តិយក្តី ម្យ៉ាងទៀត ឧបាសិកានោះមានវាចាគួរជឿបាន ចោទដោយអាបត្តិណា វិនយធរត្រូវវិនិច្ឆ័យដោយអាបត្តិនោះចំពោះភិក្ខុនោះ។ អាបត្តិនេះ ឈ្មោះថា អនិយត (មិនទៀង)។
[៣៣៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ មនុស្សស្រី ហៅថា មាតុគ្រាម យក្សស្រី ប្រេតស្រី តិរច្ឆានញី មិនឈ្មោះថាមាតុគ្រាមទេ ដោយហោចទៅ សូម្បីទារិកាកើតក្នុងថ្ងៃនោះ ក៏ហៅថា មាតុគ្រាមដែរ មិនបាច់ពោលដល់ស្រីធំទេ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺភិក្ខុម្នាក់ មាតុគ្រាមម្នាក់។ កំបាំងភ្នែក ស្ងាត់ត្រចៀក ហៅថា ស្ងាត់។ ដែលហៅថា ទីកំបាំងភ្នែក គឺកាលបើភិក្ខុមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គលមិនអាចនឹងឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺបុគ្គលមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ដែលហៅថា អាសនៈកំបាំង គឺអាសនៈដែលបិទបាំងដោយជញ្ជាំងក្តី ដោយសន្ទះទ្វារក្តី ដោយកន្ទេលក្តី ដោយការពន្ធព័ទ្ធដោយវាំងននក្តី ដោយឈើក្តី
ID: 636780103032873544
ទៅកាន់ទំព័រ៖