ព្រះត្រៃបិដក ភាគ ០២
ខ្ញុំឃើញលោកម្ចាស់ប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំដេក វិនយធរត្រូវវិនិច្ឆ័យចំពោះការដេក។ បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់អង្គុយប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំមិនអង្គុយទេ តែថាខ្ញុំឈរ វិនយធរមិនគួរនឹងកាត់ (ឲ្យត្រូវអាបត្តិអ្វីឡើយ)។
[៣៥០] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំឃើញលោកម្ចាស់ដេកប៉ះពាល់កាយមាតុគ្រាម បើភិក្ខុនោះប្តេជ្ញាការដេកនោះ វិនយធរត្រូវកាត់ទោសតាមអាបត្តិ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំបានដេកមែន តែថាខ្ញុំមិនបានប៉ះពាល់កាយមាតុគ្រាមទេ វិនយធរត្រូវវិនិច្ឆ័យចំពោះការដេក។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនដេកទេ តែថាខ្ញុំអង្គុយ វិនយធរត្រូវកាត់ទោសចំពោះការអង្គុយ។បេ។ បើភិក្ខុឆ្លើយថា ខ្ញុំមិនអង្គុយ
(*)ទេ តែថាខ្ញុំឈរ វិនយធរមិនគួរកាត់ (អាបត្តិអ្វីឡើយ)។
[៣៥១] បើឧបាសិកានោះ ចោទយ៉ាងនេះថា ខ្ញុំបានឮថា លោកម្ចាស់អង្គុយនិយាយចែចង់មាតុគ្រាមដោយវាចាអាក្រក់ បើភិក្ខុនោះប្តេជ្ញាតាមពាក្យនោះ វិនយធរត្រូវវិនិច្ឆ័យតាមអាបត្តិ។
(*) [នៅក្នុងគម្ពីរសរសេរថា “ខ្ញុំមិនអង្គុយទេ” តែបើតាមសេចក្តីនេះមានន័យថា “ខ្ញុំមិនដេកទេ” ។ ត្រង់សេចក្តីនេះ ភិក្ខុនោះមិនទទួលប្តេជ្ញាតាមការចោទនោះទេ ។ ដូច្នេះ សូមអ្នកអានទាំងឡាយពិចារណាផងចុះ។
ID: 636780108389879947
ទៅកាន់ទំព័រ៖