ព្រះត្រៃបិដក ភាគ ០២
[៤៤] សម័យនោះឯង ភិក្ខុ ១ រូប កំពុងយល់សប្តិ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ទើបភិក្ខុនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិព្រោះយល់សប្តិទេ។
[៤៥] សម័យនោះឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ភិក្ខុនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនមានបំណងចង់ឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ)ទេ។
[៤៦] សម័យនោះឯង ភិក្ខុមួយរូប កំពុងបន្ទោបង់បស្សាវ អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានប្រាថ្នាឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។
ID: 636779253761628007
ទៅកាន់ទំព័រ៖