ព្រះត្រៃបិដក ភាគ ០២
[៤៧] សម័យនោះឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលត្រិះរិះចំពោះកាមវិតក្កទេ។
[៤៨] សម័យនោះឯង ភិក្ខុមួយរូប កំពុងងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងឲ្យអសុចិឃ្លាតចេញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិដល់ភិក្ខុដែលមិនមានបំណងឲ្យអសុចិឃ្លាតចេញ (នោះ) ទេ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងតែងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប មានបំណងនឹងឲ្យអសុចិឃ្លាតចេញ កំពុងងូតទឹកក្តៅដែរ (តែ) អសុចិមិនឃ្លាតចេញ។
ID: 636779254293868450
ទៅកាន់ទំព័រ៖