ព្រះត្រៃបិដក ភាគ ០២
ព្រហ្មញ្ញគុណរបស់សមណពួកនេះមិនមានទេ សាមញ្ញគុណរបស់សមណពួកនេះវិនាសហើយ ព្រហ្មញ្ញគុណរបស់សមណពួកនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណពួកនេះមានពីណា ព្រហ្មញ្ញគុណរបស់សមណពួកនេះមានពីណា សមណពួកនេះឃ្លាតផុតចាកសាមញ្ញគុណអស់ហើយ សមណពួកនេះឃ្លាតផុតចាកព្រហ្មញ្ញគុណអស់ហើយ ដូចយ៉ាង សមណឈ្មោះឧទាយិ ហ៊ានស្ទាបអង្អែលអវយវតូចធំរបស់ភរិយាអញទៅហើយ ពួកស្ត្រីក្នុងត្រកូល
(១) ធីតារបស់ត្រកូល កុមារីរបស់ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសីរបស់ត្រកូលទាំងឡាយ ម្តេចនឹងហ៊ានទៅកាន់អារាម ឬវិហារបាន ព្រោះថា បើពួកស្រ្តីក្នុងត្រកូល ធីតារបស់ត្រកូល កុមារីរបស់ត្រកូល ស្ត្រីជាកូនប្រសារបស់ត្រកូល ទាសីរបស់ត្រកូលទាំងឡាយខំទៅកាន់អារាម ឬវិហារ មុខជាសមណទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រនឹងប្រទុស្តចំពោះស្ត្រីទាំងអម្បាលនោះមិនខាន។ ភិក្ខុទាំងឡាយ ក៏បានឮពាក្យដែលព្រាហ្មណ៍ពោលទោស ដៀលត្មះនិយាយដើម (នោះ)។ ភិក្ខុទាំងឡាយឯណា ដែលមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាសក្រែងរអែងបាប ពេញចិត្តនឹងការសិក្សា ភិក្ខុអម្បាលនោះ ក៏ពោលទោស ត្មះតិះដៀលថា ភិក្ខុឈ្មោះឧទាយិដ៏មានអាយុ
(១) ស្ត្រីជាម្ចាស់ផ្ទះ ឬស្ត្រីមេផ្ទះ (អដ្ឋកថា)។
ID: 636779760205224924
ទៅកាន់ទំព័រ៖