ព្រះត្រៃបិដក ភាគ ០២
មានសេចក្តីជ្រះថ្លា នាំឲ្យរាយមាយរសាយចិត្តបាត់សេចក្តីជ្រះថ្លាដល់ជនពួកខ្លះដែលមានសេចក្តីជ្រះថ្លាហើយ (នោះ) ប៉ុណ្ណោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសេយ្យសកភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃកោសជ្ជ ដែលជាហេតុនាំឲ្យគេចិញ្ចឹមបីបាច់រក្សាបានដោយកម្រ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុមានចិត្តក្លែង ញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស។ សិក្ខាបទនេះព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
[២] សម័យនោះ ភិក្ខុទាំងឡាយបានឆាន់បណីតភោជនទាំងឡាយ ហើយភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះកំពុងតែភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ ទឹកអសុចិក៏ឃ្លាតចេញដោយយល់សប្តិ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យដូច្នេះថា សិក្ខាបទព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តហើយថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស ក៏ទឹកអសុចិរបស់យើងទាំងឡាយឃ្លាតចេញដោយយល់សប្តិ ឯចេតនាក៏មានក្នុងកាលដែលយល់សប្តិនោះដែរ យើងត្រូវអាបត្តិសង្ឃាទិសេសហើយដឹង។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ID: 636779213348426504
ទៅកាន់ទំព័រ៖