ព្រះត្រៃបិដក ភាគ ០២
[៩០] សម័យមួយនោះ មានស្រីច្រើននាក់ចាប់កៀកភិក្ខុ១រូប នាំទៅដោយដើមដៃតៗគ្នា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គមានព្រះបន្ទូលសួរថា ម្នាលភិក្ខុ អ្នកឯងត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (បើ) មិនត្រេកអរ មិនត្រូវអាបត្តិទេ។
[៩១] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏ចាប់អង្រួនស្ពានដែលស្រីកំពុងឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[៩២] សម័យនោះឯង ភិក្ខុមួយរូប ប្រទះស្រីក្នុងផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏ទង្គិចស្រីនោះដោយចង្កួយស្មា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
[៩៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រេកអរ ក៏អង្រួនដើមឈើដែលស្រីឡើង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
ID: 636779775797246737
ទៅកាន់ទំព័រ៖