ព្រះត្រៃបិដក ភាគ ០២
ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស(ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។
[១១៨] អាបត្តិមិនមាន (ដល់ភិក្ខុ៣ពួក) គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មាដោយចីវរ បិណ្ឌបាត សេនាសន និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកមានជម្ងឺ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោយនេះ គឺ)
[១១៩] ស្រីអារ ស្រីបានកូន ស្រីចង់ឲ្យប្តីស្រឡាញ់ ស្រីចង់បានរូបល្អ សួរភិក្ខុថាធ្វើដូចម្តេច ស្រីចង់ឲ្យទាន ស្រីចង់បម្រើ សួរភិក្ខុថាធ្វើដូចម្តេច ស្រីចង់ទៅសុគតិ សួរភិក្ខុថាធ្វើដូចម្តេច។
[១២០] សម័យនោះឯង មានស្រីម្នាក់ជាស្រីអារ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងគិតធ្វើដូចម្តេចឲ្យមានកូន។ ភិក្ខុនោះឆ្លើយថា ម្នាលប្អូនស្រី
ID: 636779862039629519
ទៅកាន់ទំព័រ៖