ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី៥
[១២១] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល ក្នុងក្រុងសាវត្ថី តែងចូលទៅកាន់ត្រកូលទាំងឡាយមានប្រមាណច្រើន ឃើញកុមារដែលគ្មានប្រពន្ធក្តី ឃើញនាងកុមារីដែលគ្មានប្តីក្តីក្នុងទីណា ក៏និយាយសរសើរនាងកុមារីក្នុងសំណាក់នៃមាតាបិតារបស់កុមារ (ក្នុងទីនោះ)ថា នាងកុមារីរបស់ត្រកូលឯណោះ មានរូបល្អ គួរគយគន់មើល ល្មមជ្រះថ្លា ជាស្រីមានប្រាជ្ញាអង់អាច ឆ្លៀវឆ្លាស វាងវៃ មិនខ្ជិលច្រអូស នាងកុមារីនោះ សមគ្នានឹងកុមារនេះណាស់។ មាតាបិតារបស់កុមារនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ អ្នកអស់នោះ គេមិនធ្លាប់ស្គាល់យើងខ្ញុំថា អ្នកអស់ទាំងនុ៎ះជាអ្វីក្តី ជាកូនចៅអ្នកណាក្តី ដូច្នេះឡើយ បពិត្រលោកដ៏ចម្រើន ប្រសិនបើលោកម្ចាស់ឲ្យគេឲ្យ យើងខ្ញុំគួរនាំនាងកុមារីនោះមកផ្សំឲ្យកុមារនេះដែរ។ ឧទាយិភិក្ខុដ៏មានអាយុ ពោលសរសើរកុមារក្នុងសំណាក់មាតាបិតារបស់នាងកុមារីថា កុមាររបស់ត្រកូលឯណោះ មានរូបល្អគួរគយគន់មើល
ID: 636779863352684621
ទៅកាន់ទំព័រ៖