ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី៦
[១៩៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន (កន្លែងដែលស្តេចប្រទានអភ័យនិងចំណីដល់សត្វកង្ហែន) ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឲ្យសាងនូវកុដិទាំងឡាយ ដែលមានគ្រឿងឧបករណ (គ្រឿងប្រដាប់សង់ផ្ទះ) សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះមិនទាន់សម្រេច។ ភិក្ខុទាំងនោះក៏ចេះតែសូមញឹកៗ ញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ)។ ពួកមនុស្សដែលភិក្ខុទាំងនោះចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់ឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវគោញីទាំងឡាយ ក៏គេចរត់ដោយស្មានថាជាពួកភិក្ខុ។
ID: 636779899306281049
ទៅកាន់ទំព័រ៖