ព្រះត្រៃបិដក ភាគ ០២
បើសង្ឃទាំងអស់មិនអាចដើម្បីពិនិត្យមើលទីធ្វើកុដិបានទេ ភិក្ខុទាំងឡាយឯណាមាននៅក្នុងទីនោះ ជាអ្នកឆ្លាសអាចនឹងដឹងនូវទីដែលមានហេតុទាស់ និងទីដែលមិនមានហេតុទាស់ និងទីដែលមានឧបចារ និងមិនមានឧបចារ សង្ឃគប្បីអារាធនា ហើយសម្មតិភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសម្មតិភិក្ខុទាំងនោះយ៉ាងនេះ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូម ការពិនិត្យមើលទីធ្វើកុដិនិងសង្ឃ។ បើការពិនិត្យមើលទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសម្មតិភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលនូវទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ នេះជាវាចាសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការពិនិត្យមើលទីធ្វើកុដិនឹងសង្ឃ។ សង្ឃសម្មតិភិក្ខុទាំងឡាយមានឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។
ID: 636779911498438401
ទៅកាន់ទំព័រ៖