ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី៨
[២៣៨] សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្ត(១) ដ៏មានអាយុ មានអាយុ ៧ឆ្នាំ អំពីកំណើត បានសម្រេចព្រះអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏ព្រះទព្វមល្លបុត្តនោះបានដល់ដោយលំដាប់ហើយ កិច្ចអ្វីបន្តិចបន្តួច (សោឡសកិច្ច) ដែលព្រះទព្វមល្លបុត្តនោះគប្បីធ្វើតទៅទៀត ឬកិច្ចដែលព្រះទព្វមល្លបុត្តបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ។
[២៣៩] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អញកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អញបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអញត្រូវធ្វើតទៅទៀត ឬកិច្ចដែលអញបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អញគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន។ កាលនោះ
(១) ព្រះទព្វត្ថេរ ជាបុត្តស្តេចមល្ល ហៅដោយរួបរួមថា ទព្វមល្លបុត្ត ។
ID: 636779996017032588
ទៅកាន់ទំព័រ៖