ព្រះត្រៃបិដក ភាគ ០២

ឯ​អារាម​យើង​ ​ប្រាកដជា​ទព្វ​មល្ល​បុត្ត​ញុះញង់​ក្នុង​សំណាក់​នៃ​គហបតី​នោះ​ហើយ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងនោះ​ក៏​ឆាន់ចង្ហាន់​ដ៏​សមគួរ​ដល់ចិត្ត​មិនបាន​ ​ព្រោះតែ​សេចក្តី​ទោមនស្ស​នោះ​ឯង​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆាន់ចង្ហាន់​រួចហើយ​ ​ត្រឡប់ទៅ​អារាម​ក្នុង​ពេលនោះ​ ​ក៏​រៀប​ទុកដាក់​បាត្រ​ ​និង​ចីវរ​ ​ហើយ​អង្គុយ​រឹប​សង្ឃាដី​ខាងក្រៅ​ខ្លោងទ្វារវត្ត​វេឡុ​វន​ ​អង្គុយ​ស្ងៀម​ ​មាន​សេចក្តី​អៀនអន់​ ​ឱន​ក​សំយុងមុខ​ចុះ​ជ្រប់​ ​ឥតមាន​និយាយ​ពី​អ្វី​សោះ​។​ ​
 ​[​២៤៤​]​ ​គ្រានោះ​ ​មេត្តិ​យា​ភិក្ខុនី​ចូល​ទៅ​រក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំម្ចាស់​សូម​ថ្វាយបង្គំ​។​ ​កាលបើ​មេត្តិ​យា​ភិក្ខុនី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​មិន​និយាយ​តបត​សោះ​ឡើយ​។​ ​មេត្តិ​យា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​ជា​គំរប់​ពីរ​ដង​។​បេ​។​ ​ជា​គំរប់​បីដង​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ខ្ញុំម្ចាស់​សូម​ថ្វាយបង្គំ​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​មិន​និយាយ​ត​ជា​គំរប់​បីដង​ដែរ​។​ ​ទើប​មេត្តិ​យា​ភិក្ខុនី​សួរ​ថា​ ​ខ្ញុំម្ចាស់​បាន​ប្រទូស្ត​ដល់​លោកម្ចាស់​រាល់​អង្គ​ដូចម្តេច​ខ្លះ​ ​បាន​ជា​លោកម្ចាស់​រាល់​អង្គ​មិន​និយាយ​នឹង​ខ្ញុំម្ចាស់​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​ប្អូនស្រី​ ​បាន​ជា​យើង​មិន​និយាយ​នឹង​នាង​ ​ព្រោះ​យើង​ ​ទព្វ​មល្ល​បុត្ត​គេ​បៀតបៀន​ ​ហើយ​នាង​ឯង​ធ្វើព្រងើយ​កន្តើយ​។​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636780001049340419
ទៅកាន់ទំព័រ៖