ព្រះត្រៃបិដក ភាគ ០២
អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ មានចិត្តមិនរីករាយ បានកាន់យកហេតុបន្តិចបន្តួចរបស់អធិករណ៍ ជាចំណែកដទៃមកជាគ្រឿងអាង ហើយចោទភិក្ខុ ដោយអាបត្តិបារាជិក ដោយបំណងថា ធ្វើម្តេចហ្ន៎ អញគប្បីញុំាងភិក្ខុនោះឲ្យឃ្លាតចាកព្រហ្មចរិយធម៌ (សាសនា) នេះបាន លុះសម័យខាងក្រោយតពីនោះមក ភិក្ខុអ្នកចោទនោះ មានគេសាកសួរក្តី មិនមានគេសាកសួរក្តី តែអធិករណ៍នោះជាចំណែកដទៃទេ ភិក្ខុកាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ហើយភិក្ខុប្តេជ្ញាទោស ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។
[២៦៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុ គឺ ភិក្ខុដទៃ។ ពាក្យថា មានទោសទ្រុស្តហើយ មានសេចក្តីក្រោធ គឺមានចិត្តក្រោធខឹង មានចិត្តមិនជារបស់ខ្លួន មិនត្រេកអរ មានចិត្តគុមគួន ចង្អៀតចង្អល់។ ពាក្យថា មានចិត្តមិនរីករាយ គឺមានចិត្តអាក់អន់ ព្រោះក្រោធខឹងនោះផង ព្រោះទោសនោះផង ព្រោះសេចក្តីអន់ចិត្តនោះផង ព្រោះសេចក្តីមិនត្រេកអរនោះផង។
ID: 636780012070040767
ទៅកាន់ទំព័រ៖