ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី១១
[៣០០] សម័យនោះ ព្រះពុទ្ធដ៏មានឥស្សរិយយស ទ្រង់ប្រថាប់ក្នុងវត្តវេឡុវន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តភិក្ខុព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ ភិក្ខុទាំងឡាយពោលយ៉ាងនេះថា ទេវទត្តជាអ្នកពោលខុសធម៌ ទេវទត្តជាអ្នកពោលខុសវិន័យ ទេវទត្តមិនគួរបើនឹងព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ កាលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ទើបកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យនេះនឹងពួកភិក្ខុទាំងនោះថា សូមលោកម្ចាស់ទាំងឡាយកុំពោលយ៉ាងហ្នឹង ទេវទត្តពោលត្រូវតាមធម៌ ទេវទត្តពោលត្រូវតាមវិន័យ ម្យ៉ាងទៀត ទេវទត្តកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ហើយទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើមរបស់ពួកយើង) ទើបពោល អំពើដែលលោកបានធ្វើមកនេះ ក៏សមគួរដល់យើងទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចហ្ន៎ បានជាភិក្ខុទាំងឡាយប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។
ID: 636780052742327089
ទៅកាន់ទំព័រ៖