ព្រះត្រៃបិដក ភាគ ០២
ភិក្ខុនេះ ជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹងសេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើនេះក៏គាប់ចិត្ត ដល់យើងទាំងឡាយ។ ពួកភិក្ខុទាំងនោះ ត្រូវតែភិក្ខុទាំងឡាយ (ដែលបរិសុទ្ធ) ពោលយ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ព្រោះភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយកុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅសប្បាយ។ ពួកភិក្ខុទាំងនោះ កាលដែលភិក្ខុទាំងឡាយពោលហាមយ៉ាងនេះ ក៏នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ពួកភិក្ខុទាំងនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បីលះបង់នូវកម្មនោះ។ កាលបើភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួកភិក្ខុទាំងនោះលះបង់នូវរឿងនោះចេញ ការលះបង់បានយ៉ាងនេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
ID: 636780053297028816
ទៅកាន់ទំព័រ៖