ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី១២
[៣០៧] សម័យនោះឯង ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ទ្រង់ប្រថាប់នៅឃោសិតារាម ក្បែរក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុប្រព្រឹត្តអនាចារ (មារយាទមិនសមគួរផ្សេងៗ)។ ភិក្ខុទាំងឡាយពោលប្រដៅយ៉ាងនេះថា ម្នាលអាវុសោឆន្ន លោកកុំធ្វើអំពើមានសភាពយ៉ាងនេះ អំពើនេះមិនសមគួរទេ។ ឆន្នភិក្ខុនោះឆ្លើយទៅវិញថា អាវុសោ លោកទាំងឡាយសំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង បានត្រាស់ដឹងនូវព្រះធម៌ដូចខ្យល់ព្យុះធំបក់បោក ប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និងសំណាត់មកមូលជាមួយគ្នា ឬថាដូចជា ទឹកស្ទឹងដែលហូរចុះចាកភ្នំ តែងប្រមូលគួចយកនូវចកធំសារាយ និងចកបាយទាមករួមជាមួយគ្នាបាន មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះផ្សេងៗ មានគោត្រផ្សេងៗ មានជាតិផ្សេងៗ ចេញចាកត្រកូលផ្សេងៗហើយបួស គឺគេប្រមូលមកឲ្យមូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ
ID: 636780056727595033
ទៅកាន់ទំព័រ៖