ព្រះត្រៃបិដក ភាគ ០២
[៣២២] ត្រង់ពាក្យថា ភិក្ខុ (ចូលទៅជិតអាស្រ័យនៅ) ស្រុក ឬនិគម កន្លែងណាមួយ សេចក្តីថា ស្រុកក្តី និគមក្តី នគរក្តី ក៏គឺស្រុក គឺនិគមហ្នឹងឯង។ ពាក្យថា ចូលទៅជិតអាស្រ័យនៅ (គឺភិក្ខុចូលទៅជិតអាស្រ័យនៅក្នុងស្រុកនិគមណា) ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ចយភេសជ្ជបរិក្ខារជាប់ចំពោះមាននៅហើយ ក្នុងស្រុក និងនិគមនោះ។ ត្រកូល៤ពួក គឺ ត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលអ្នកឈ្មួញ (ត្រកូលអ្នករកស៊ីធម្មតា) ត្រកូលអ្នកគ្រួ (អ្នកស៊ីឈ្នួល) ហៅថា ត្រកូល។ ពាក្យថា ជាអ្នកទ្រុស្តត្រកូល គឺភិក្ខុទ្រុស្តត្រកូលទាំងឡាយដោយ (ឲ្យ) ផ្កាខ្លះ (ឲ្យ)ផ្លែខ្លះ (ឲ្យ)គ្រឿងលំអិតសម្រាប់ងូតខ្លះ (ឲ្យ)ដីស្អិតខ្លះ (ឲ្យ)ឈើស្ទន់ខ្លះ (ឲ្យ)ឫស្សីខ្លះ ដោយកិរិយាធ្វើពេទ្យខ្លះ ដោយការបម្រើដោយស្មងខ្លះ។ ពាក្យថា មានសេចក្តីប្រព្រឹត្តអាក្រក់ គឺភិក្ខុដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ។
[៣២៣] ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។ ពាក្យថា ត្រកូលទាំងឡាយសោត ដែលភិក្ខុនោះទ្រុស្តហើយ គឺពីមុន មនុស្សទាំងឡាយមានសទ្ធា ឥឡូវនេះជាមនុស្សមិនមានសទ្ធាវិញ
ID: 636780094388349105
ទៅកាន់ទំព័រ៖