ព្រះត្រៃបិដក ភាគ ០២

 [​៨៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ពាល់​មាតា​ដោយ​សេចក្តី​ស្រឡាញ់​មាតា​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ដឹង​។​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ពាល់​កូនស្រី​ដោយ​សេចក្តី​ស្រឡាញ់​កូនស្រី​។​បេ​។​ ​ចាប់​ពាល់​បងប្អូន​ស្រី​ដោយ​សេចក្តី​ស្រឡាញ់​បងប្អូន​ស្រី​។​បេ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​។​ ​ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
 [​៨៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​កាយ​ស្រី​ជា​ប្រពន្ធដើម​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចាប់​ត្រូវ​កាយ​យក្ស​ស្រី​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636779775015342014
ទៅកាន់ទំព័រ៖