ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី៣
[៩៧] សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុសម្រេចឥរិយាបថនៅក្នុងព្រៃ។ គ្រានោះ មានស្រីច្រើននាក់ ជាពួកអ្នកត្រូវការមើលវិហារ ហើយក៏នាំគ្នាទៅកាន់អារាម។ ស្រីទាំងនោះក៏ចូលទៅរកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងទាំងឡាយចង់មើលវិហាររបស់លោកម្ចាស់។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏នាំស្រីទាំងនោះមើលវិហាររួចហើយ ពោលសរសើរខ្លះ ពោលបង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរតបខ្លះ ប្រាប់ខ្លះ ប្រៀនប្រដៅខ្លះ ជេរខ្លះ ចំពោះវច្ចមគ្គ និងបស្សាវមគ្គនៃស្រីទាំងនោះ។ ស្រីណាដែលគ្មានសេចក្តីខ្លាច ជាស្រីអ្នកលេងឥតមានអៀនខ្មាស ស្រីនោះក៏ញញឹមញញែម និយាយបញ្ជោរ សើចក្អាកក្អាយចំអន់ជាមួយនឹងឧទាយិភិក្ខុដ៏មានអាយុ
ID: 636779776949812660
ទៅកាន់ទំព័រ៖