ព្រះត្រៃបិដក ភាគ ២០
តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ដូចគ្នាមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ផ្សេងគ្នា
(១) ថាជារបស់ផ្សេងគ្នាពិត លុះសំគាល់នូវរបស់ផ្សេងគ្នា ថាជារបស់ផ្សេងគ្នាពិតហើយ ក៏រាប់អាននូវរបស់ផ្សេងគ្នា រាប់អានក្នុងរបស់ផ្សេងគ្នា រាប់អានថា របស់ផ្សេងគ្នាពិត រាប់អានថា របស់ផ្សេងគ្នា ជារបស់អញ ត្រេកអរនឹងរបស់ផ្សេងគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ផ្សេងគ្នានោះមិនបាន។ បុថុជ្ជនសំគាល់នូវវត្ថុទាំងពួង
(២) ថាជាវត្ថុទាំងពួងពិត គឺសំដែងនូវទិដ្ឋិ ដែលមានសភាពប្រហែលគ្នា លុះសំគាល់នូវវត្ថុទាំងពួង ថាជាវត្ថុទាំងពួងពិតហើយ ក៏រាប់អាននូវវត្ថុទាំងពួង រាប់អានក្នុងវត្ថុទាំងពួង រាប់អានថា វត្ថុទាំងពួងពិត រាប់អានថា វត្ថុទាំងពួងជារបស់អញ ត្រេកអរនឹងវត្ថុទាំងពួង។
(១) របស់ផ្សេងគ្នា បានដល់ខន្ធទាំង៥ មានរូបក្ខន្ធជាដើម មានវិញ្ញាណក្ខន្ធ ជាទីបំផុត។ (២) វត្ថុទាំងពួងក្នុងទីនេះ បានដល់ប្រជុំរបស់ទាំង២ គឺរបស់ដូចគ្នា១ (ខន្ធទាំង៤) របស់ផ្សេងគ្នា១ (ខន្ធទាំង៥) លោកហៅថា របស់ទាំងពួង ឬវត្ថុទាំងពួង ដូច្នេះ។ ឯសេចក្តីសំគាល់នេះ មាន៣យ៉ាង គឺត្រេកអររីករាយនឹងរបស់ទាំងអស់នោះ ហៅថា សំគាល់ដោយតណ្ហា។ សំគាល់ថារបស់ទាំងអស់គឺ អាត្មាអញនិម្មិតដោយខ្លួនឯង ហៅថា សំគាល់ដោយមានៈ។ សំគាល់ថារបស់ទាំងអស់ មានកម្មដែលខ្លួនធ្វើអំពីមុនមកជាហេតុ របស់ទាំងអស់មិនមានហេតុ មិនមានបច្ច័យឡើយ របស់ទាំងអស់ មានខ្លះ មិនមានខ្លះ ហៅថា សំគាល់ដោយទិដ្ឋិ។ អដ្ឋកថា។
ID: 636820740922581766
ទៅកាន់ទំព័រ៖