ព្រះត្រៃបិដក ភាគ ២០
អាកង្ខេយ្យសូត្រ ទី៦
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ សង្រួមក្នុងបាតិមោក្ខសំវរៈ ចូរជាអ្នកមានអាចារៈ និងគោចរដ៏បរិបូណ៌ ឃើញភ័យក្នុងទោសត្រឹមតែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
[៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកសព្រហ្មចារី ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន
(១) ។
(១) ភិក្ខុរៀនកម្មដ្ឋាន ហើយចូលទៅកាន់ផ្ទះស្ងាត់ អង្គុយនៅទាំងយប់ទាំងថ្ងៃ។
ID: 636821324193112932
ទៅកាន់ទំព័រ៖