ព្រះត្រៃបិដក ភាគ ២០
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ
(១) មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចូលទៅសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ពាក្យណាដែលតថាគត បានពោលហើយ (ក្នុងកាលមុន) ពាក្យដែលតថាគតពោលនេះ ព្រោះអាស្រ័យយកពាក្យនុ៎ះឯង ដោយប្រការដូច្នេះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ ដោយក្រៃលែង។
ចប់ អាកង្ខេយ្យសូត្រ ទី៦។
(១) សមាធិប្រកបដោយអរហត្តផល ហៅថា ចេតោវិមុត្តិ, បញ្ញាប្រកបដោយអរហត្តផល ហៅថា បញ្ញាវិមុត្តិ។ ម្យ៉ាងទៀត សមាធិ បានជាហៅថា ចេតោវិមុត្តិ ព្រោះរួចចាករាគៈ បញ្ញា បានជាហៅថា បញ្ញាវិមុត្តិ ព្រោះរួចចាកអវិជ្ជា។ មួយវិញទៀត ផលនៃសមថៈ ហៅថា ចេតោវិមុត្តិ ផលនៃវិបស្សនា ហៅថា បញ្ញាវិមុត្តិ។
ID: 636821327752776533
ទៅកាន់ទំព័រ៖