ព្រះត្រៃបិដក ភាគ ២០
វត្ថូបមសូត្រ ទី៧
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។
[៩២] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ជាងជ្រលក់យកសំពត់នោះដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅតែមានពណ៌មិនល្អ មានពណ៌មិនស្អាត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសំពត់នោះ មិនស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តសៅហ្មងហើយ ទុគ្គតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ស្អាតផូរផង់ ជាងជ្រលក់យកសំពត់នោះ ដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅជាមានពណ៌ល្អ មានពណ៌ស្អាត។
ID: 636821328092735978
ទៅកាន់ទំព័រ៖