ព្រះត្រៃបិដក ភាគ ២០
សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។ បុរសបុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ បុរសបុគ្គលអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានការមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយងាយ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។
[១០៨] ម្នាលចុន្ទ បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ លុះតែបុគ្គលណា មិនមុជចុះក្នុងភក់ គឺកាមគុណដោយខ្លួនឯងទេ បុគ្គលនោះឯង ទើបជួយស្រង់បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណ ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ បុគ្គលណា មិនទាន់បានប្រដៅចិត្ត មិនទាន់បានទូន្មានចិត្ត មិនទាន់រំលត់កិលេស ដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលចុន្ទ បុគ្គលណាបានប្រដៅ បានទូន្មាន បានរំលត់កិលេសដោយខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យរំលត់កិលេស
ID: 636821337770509515
ទៅកាន់ទំព័រ៖