ព្រះត្រៃបិដក ភាគ ២០
នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។
ចប់ នយភូមិបរិច្ឆេទ ទី៤ ដោយអំណាចនៃព្រះខីណាស្រព។
[៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះ ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម
ID: 636820742941787258
ទៅកាន់ទំព័រ៖