ព្រះត្រៃបិដក ភាគ ២០
ជាសេចក្តីប្រតិបត្តិ ជាដំណើរទៅ ដើម្បីរំលត់អាហារ គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ស្គាល់ច្បាស់នូវអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើង នៃអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាហារយ៉ាងនេះ កាលណា អរិយសាវ័កនោះ លះបង់នូវរាគានុស័យ បន្ទោបង់នូវបដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែលនឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់អវិជ្ជាហើយ ញុំាងវិជ្ជាឲ្យកើតឡើង ធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នដោយសព្វគ្រប់ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៤] ពួកភិក្ខុទាំងនោះ ត្រេកអរអនុមោទនាភាសិត របស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ បរិយាយដទៃ នៅមានទៀតដែរឬ។បេ។
ID: 636821342084926285
ទៅកាន់ទំព័រ៖