ព្រះត្រៃបិដក ភាគ ២០
អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់តណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់តណ្ហាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២២] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវវេទនាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវេទនាផង ដឹងច្បាស់នូវសេចក្តីរំលត់វេទនាផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់វេទនាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
ID: 636821345217795475
ទៅកាន់ទំព័រ៖