ព្រះត្រៃបិដក ភាគ ២០
សេចក្តីមិនដឹងព្រះនិព្វាន ជាគ្រឿងរំលត់ទុក្ខ១ សេចក្តីមិនដឹងបដិបទា ជាដំណើរដើម្បីរំលត់ទុក្ខ១ ម្នាលអាវុសោ នេះឯងហៅថា អវិជ្ជា។ សេចក្តីកើតឡើងនៃអវិជ្ជា ព្រោះសេចក្តីកើតឡើងនៃអាសវៈ សេចក្តីរំលត់អវិជ្ជា ព្រោះសេចក្តីរំលត់អាសវៈ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជាគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជាយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មានដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ មកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
ID: 636821348489942631
ទៅកាន់ទំព័រ៖