ព្រះត្រៃបិដក ភាគ ២០
សេចក្តីរំលត់អាសវៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ អាសវៈនេះ មាន៣ គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ សេចក្តីកើតឡើងនៃអាសវៈ ព្រោះសេចក្តីកើតឡើងនៃអវិជ្ជា សេចក្តីរំលត់អាសវៈ ព្រោះសេចក្តីរំលត់អវិជ្ជា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាសវៈយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន
ID: 636821349019962947
ទៅកាន់ទំព័រ៖