ព្រះត្រៃបិដក ភាគ ២០
ពេញដោយធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ។ បុរសមានចក្ខុ គប្បីស្រាយនូវមាត់ទៃនោះ ហើយពិចារណាឃើញច្បាស់ ដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពីចុងសក់ចុះមក ដែលបិទបាំងទៅដោយស្បែក ពេញទៅដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម។បេ។ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ នូវអាការមានសក់ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
បដិក្កូលបព្វៈ។
ID: 636821353163249929
ទៅកាន់ទំព័រ៖