ព្រះត្រៃបិដក ភាគ ២០
[១៦៤] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន។
[១៦៥] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ អាចកំណត់នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃហើយ ជ្រាបច្បាស់ដោយព្រះទ័យបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកមោហៈ។
ID: 636821409783328412
ទៅកាន់ទំព័រ៖