ព្រះត្រៃបិដក ភាគ ២០
ទាំងឡាយណាហើយ បានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិសទ្យទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគត មាន៤នេះឯង។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមាន ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាសេចក្តីឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះដែរ។
ID: 636821413631748529
ទៅកាន់ទំព័រ៖