ព្រះត្រៃបិដក ភាគ ២០
[១៦៩] ម្នាលសារីបុត្ត កំណើត (របស់សត្វ) នេះមាន៤ កំណើតទាំង៤ តើដូចម្តេច គឺកំណើតដែលកើតអំពីស៊ុត១ កំណើតដែលកើតអំពីទឹក១ កំណើតដែលកើតអំពីញើស១ កំណើតហាក់ដូចជាអណ្តែតទៅកើត១។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីស៊ុតនោះ ដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវសំបកស៊ុត ហើយកើតចេញមក ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីស៊ុត។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីទឹក តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវស្រោមទឹកភ្លោះ ហើយកើត ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីទឹក។ ម្នាលសារីបុត្ត កំណើតដែលកើតអំពីញើស តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលកើតក្នុងត្រីស្អុយក្តី ក្នុងសាកសពស្អុយក្តី ក្នុងនំប្អូមក្តីក្នុងរណ្តៅជ្រាំក្តី ក្នុងប្រលាយទឹកសំអុយក្តី ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីញើសក្អែល។ ម្នាលសារីបុត្ត ចុះកំណើតហាក់ដូចជាអណ្តែតទៅកើត តើដូចម្តេច ពួកទេវតា ពួកសត្វនរក មនុស្សពួកខ្លះ និងវិនិបាតពួកខ្លះ ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតហាក់ដូចជាអណ្តែតទៅកើត។ ម្នាលសារីបុត្ត កំណើត (របស់សត្វ) មាន៤នេះ
ID: 636821414385791658
ទៅកាន់ទំព័រ៖