ព្រះត្រៃបិដក ភាគ ២០
តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីរាបស្មើល្អ មានស្រទាប់ស្លឹកដ៏ក្រាស់ មានម្លប់ត្រឈៃ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះ និយាយយ៉ាងនេះថា បុរសនេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះឯង អង្គុយ ឬដេក សោយសុខវេទនាជាច្រើន ក្រោមម្លប់នៃដើមឈើនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវចិត្តនៃបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង។បេ។ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដូច្នោះឯង។
ID: 636821417048653965
ទៅកាន់ទំព័រ៖