ព្រះត្រៃបិដក ភាគ ២០
ប្រកបរឿយៗ នូវសេចក្តីព្យាយាម ដុតកំដៅរោល អាលនូវកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ម្នាលសារីបុត្ត នេះឯងជាភាពនៃអ្នកមានតបៈរបស់តថាគត។
[១៧៩] ម្នាលសារីបុត្ត សេចក្តីសៅហ្មងរបស់តថាគ ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នេះដូច្នេះ។ មន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយ ក៏ក្លាយទៅជាក្រមរស្រទាប់។ ម្នាលសារីបុត្ត ដង្គត់ដើមដង្កោ ដែលតាំងនៅរាប់ដោយឆ្នាំដ៏ច្រើន ក៏កើតជាក្រមរ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចមន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយតថាគត ក៏ក្លាយទៅជាក្រមរ ដូច្នោះឯង។ ម្នាលសារីបុត្ត តថាគតនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីយកបាតដៃដុសមន្ទិល គឺធូលីនេះចេញ ដូច្នេះឡើយ។ ម្នាលសារីបុត្ត សូម្បីតែគំនិតយ៉ាងនេះថា ជនទាំងឡាយដទៃ គប្បីយកបាតដៃ ដុសក្អែលរបស់តថាគតនេះ ដូច្នេះ ក៏មិនមានដល់តថាគតឡើយ។ ម្នាលសារីបុត្ត នេះជាវត្តខាងសេចក្តីសៅហ្មងរបស់តថាគត។
ID: 636821420139720764
ទៅកាន់ទំព័រ៖