ព្រះត្រៃបិដក ភាគ ២០
ម្នាលសារីបុត្ត ម្រឹគព្រៃ ឃើញមនុស្សទាំងឡាយ តែងរត់ចេញអំពីព្រៃ ចូលទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ចូលទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ចូលទៅកាន់ទីទាប ចេញអំពីទីទួល ចូលទៅកាន់ទីទួល យ៉ាងណាមិញ ម្នាលសារីបុត្ត កាលណាបើតថាគតបានឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ក៏យ៉ាងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងសេចក្តីស្ងប់ស្ងាត់ របស់តថាគត។
[១៨២] ម្នាលសារីបុត្ត តថាគត ជាអ្នកវារដោយជង្គង់៤ ចូលទៅរកក្រោលគោ ដែលមានគោចេញហើយ មានអ្នកគង្វាលគោចៀសចេញទៅហើយ ហើយស៊ីអាចម៍របស់កូនគោជំទង់ ដែលនៅបៅមេ។ ម្នាលសារីបុត្ត មូត្រ និងករីសខ្លួនឯង របស់តថាគត មិនទាន់អស់ដរាបណា តថាគត ក៏ស៊ីនូវមូត្រ និងករីស របស់ខ្លួនឯងដរាបនោះ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងភោជន យ៉ាងចំឡែកធំ របស់តថាគត។
ID: 636821420836870639
ទៅកាន់ទំព័រ៖