ព្រះត្រៃបិដក ភាគ ២០
[១៨៣] ម្នាលសារីបុត្ត តថាគត ចូលទៅអាស្រ័យនៅក្នុងដងព្រៃ១ ដែលគួរស្បើម។ ម្នាលសារីបុត្ត សេចក្តីតក់ស្លុតនឹងដងព្រៃ ដែលគួរស្បើមនោះ តែងមាន។ បុគ្គលណានីមួយ មិនទាន់ប្រាសចាករាគៈទេ ចូលទៅកាន់ដងព្រៃនោះ ច្រើនតែព្រឺព្រួចរោម។ ម្នាលសារីបុត្ត រាត្រីទាំង៨ ជាចន្លោះខែមាឃ និងខែផគ្គុណ
(១) ក្នុងហេមន្តរដូវ ជាសម័យធ្លាក់ទឹកសន្សើមដ៏ត្រជាក់ ក្នុងរាត្រីទាំងឡាយមានសភាពដូច្នោះ តថាគតនៅទីវាល ក្នុងវេលាយប់ នៅក្នុងដងព្រៃវេលាថ្ងៃ ខែជាខាងចុងគិម្ហរដូវ តថាគតនៅទីវាល ក្នុងវេលាថ្ងៃ នៅក្នុងដងព្រៃវេលាយប់។ ម្នាលសារីបុត្ត អើក៏គាថា ដែលគួរអស្ចារ្យនេះ ដែលតថាគត មិនធ្លាប់បានស្តាប់ ក្នុងកាលពីមុនមកទេ ស្រាប់តែភ្លឺច្បាស់ប្រាកដ ដល់តថាគតថា
អ្នកប្រាជ្ញដែលខ្វល់ខ្វាយ ក្នុងកិរិយាស្វែងរក (នូវសេចក្តីបរិសុទ្ធិ) អ្នកប្រាជ្ញនោះ ត្រូវតែក្តៅ អ្នកប្រាជ្ញនោះ ត្រូវតែត្រជាក់ម្នាក់ឯង ជាអ្នកត្រូវតែនៅក្នុងព្រៃ គួរស្បើមតែម្នាក់ឯង អាក្រាត មិនចូលទៅរកភ្លើងឡើយ។
(១) អដ្ឋកថា ថា រាត្រី៨នោះ ក្នុងចន្លោះនៃខែទាំងពីរ គឺខាងចុងខែមាឃ៤រាត្រី ខាងដើមខែផគ្គុណ៤រាត្រី រួមជា៨រាត្រី។
ID: 636821421244443951
ទៅកាន់ទំព័រ៖