ព្រះត្រៃបិដក ភាគ ២០

នឹង​តថាគត​ ​ចំណែក​តថាគត​ ​ដែល​សាវ័ក​ទាំងនោះ​សួរ​ហើយ​ ​ៗ​ក៏​ដោះស្រាយ​នូវ​ប្រស្នា​នោះ​ ​ដល់​ពួក​សាវ័ក​ទាំងនោះ​ ​ឯ​ពួក​សាវ័ក​ទាំងនោះ​ ​ក៏​ចាំទុក​នូវ​ប្រស្នា​ ​ដែល​តថាគត​ដោះស្រាយ​ហើយ​ ​ថា​ជា​ប្រស្នា​ដែល​តថាគត​ ​ដោះស្រាយ​ហើយ​ ​មិនបាច់​សួរ​តថាគត​ ​ឲ្យ​ជា​គំរប់​ពីរ​ដង​តទៅទៀត​ឡើយ​ ​វៀរលែងតែ​ការ​ស៊ីផឹក​ ​ទំពាស៊ី​ ​និង​ជញ្ជាប់​ជញ្ជក់​ភោជន​ ​វៀរលែងតែ​ការ​បន្ទោបង់​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​វៀរលែងតែ​ការ​ដេកលក់​ ​និង​ការសម្រាក​សេចក្តី​លំបាក​ ​ម្នាល​សារីបុត្ត​ ​ធម៌​ទេសនា​របស់​តថាគត​ ​មិន​ចេះ​អស់​ ​បទ​ ​និង​ព្យញ្ជនៈ​នៃ​ធម៌​របស់​តថាគត​ ​មិន​ចេះ​អស់​ ​បញ្ហាព្យាករណ៍​របស់​តថាគត​ ​ក៏​មិន​ចេះ​អស់​ឡើយ​។​ ​ចំណែកខាង​ពួក​សាវ័ក​ទាំង៤​ ​របស់​តថាគត​នោះ​ ​មាន​អាយុ១០០ឆ្នាំ​ ​រស់នៅ​បាន១០០ឆ្នាំ​ ​នឹង​ធ្វើ​មរណកាល​ ​ដោយ​កាល​កន្លង​នៃ​ឆ្នាំ១០០​។​ ​ម្នាល​សារីបុត្ត​ ​បើ​ទុកណា​ជា​អ្នក​ទាំងឡាយ​ ​នាំ​យក​តថាគត​ ​ដោយ​គ្រែ​តូច​ ​ប្រាជ្ញា​ ​និង​សេចក្តី​ឈ្លាសវៃ​របស់​តថាគត​ ​ក៏​មិន​ក្លាយទៅជា​ដទៃ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​អ្នកផង​ ​កាល​ពោល​ដោយ​ប្រពៃ​ ​តែង​ពោល​ចំពោះ​បុគ្គល​ណា​ថា​ ​សត្វ​មានធម៌​មិន​វង្វេង​ទេ​ ​រមែង​កើត​ក្នុង​លោក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636821467118887819
ទៅកាន់ទំព័រ៖