ព្រះត្រៃបិដក ភាគ ២០

បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​ចំណែក​កាមារម្មណ៍​ទាំងឡាយ​ ​ចំណែកខាង​ពួក​យើង​ ​ក៏​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​កាមារម្មណ៍​ទាំងឡាយ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​រូបារម្មណ៍​ទាំងឡាយ​ ​ចំណែកខាង​ពួក​យើង​ ​ក៏​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​រូបារម្មណ៍​ទាំងឡាយ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​វេទនា​ទាំងឡាយ​ ​ចំណែកខាង​ពួក​យើង​ ​ក៏​បញ្ញត្ត​ការកំណត់​ដឹង​ ​នូវ​វេទនា​ទាំងឡាយ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ការ​បញ្ញត្តិ​នេះ​ ​(​បើ​ប្រៀបធៀប​)​ ​ធម៌​ទេសនា​ ​ដោយ​ធម៌​ទេសនា​ ​(​ប្រៀបធៀប​)​ ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះសមណគោតម​ក្តី​ ​របស់​ពួក​យើង​ក្តី​ ​តើ​ណា​មាន​សេចក្តី​វិសេស​ជាង​ណា​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​ ​មានហេតុ​ផ្សេងគ្នា​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មិនបាន​ត្រេកអរ​ ​មិនបាន​ហាមឃាត់​ភាសិត​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​នោះ​ឡើយ​ ​លុះ​មិនបាន​ត្រេកអរ​ ​មិនបាន​ហាមឃាត់​ហើយ​ ​ក៏​នាំគ្នា​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​មក​ ​ដោយ​គិត​គ្នា​ថា​ ​ពួក​យើង​គង់​នឹង​ដឹង​ច្បាស់​ ​នូវ​សេចក្តី​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​មិនខាន​។
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636821468479485641
ទៅកាន់ទំព័រ៖